យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (១៥ មករា) នេះបានថ្កោលទោសការបាញ់បង្ហោះមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាមីស៊ីលល្បឿនលឿនជាងសំឡេងឥន្ធនៈរឹងថ្មី ដែលមានរយៈចម្ងាយមធ្យម។
ក្រសួងការពារជាតិជប៉ុនបាននិយាយថា កម្ពស់អតិបរមារនៃការហោះរបស់មីស៊ីលគឺយ៉ាងហោចណាស់ ៥០គីឡូម៉ែត្រ។
ប្រធានផ្នែកកិច្ចការសាធារណៈរួមរបស់កូរ៉េខាងត្បូង (JCS) លោកវរសេនីយ៍ឯក លី ស៊ុងជុន (Lee Sung-jun) បាននិយាយថា ការបាញ់បង្ហោះនេះគឺជាការញុះញង់យ៉ាងច្បាស់ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយបន្ថែមថាកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការវិភាគនៅលើមីស៊ីល។
ការបាញ់មីស៊ីលនេះបានកើតឡើងក្នុងថ្ងៃតែមួយដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានចាកចេញទៅរុស្ស៊ី។ វាកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងកូរ៉េទាំងពីរបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីបជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង និងផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក៏ដូចជាការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនព្រួយបារម្ភយ៉ាងខ្លាំង៕