ភ្នំពេញ ៖ សិក្ខាកាមចំនួន២០នាក់មកពីអង្គភាពគេហទំព័រសារព័ត៌មាន «តាខ្មៅថ្មី» នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានទទួលវិញ្ញាបនបត្របណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន ក្រោយបានសិក្សារអស់មួយរយៈពេលកន្លងមក ដែលការប្រគល់នេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។
កម្មវិធីបានធ្វើឡើង ស្ថិតនៅទីស្នាក់ការកណ្ដាលរបស់អង្គភាពគេហទំព័រសារព័ត៌មាន «តាខ្មៅថ្មី» ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្តម លោកជំទាវ លោកលោកស្រី ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានសមាគម និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ នេះមិនមែនជាលើកទី១នោះទេ ដែលអង្គភាពគេហទំព័រសារព័ត៌មាន «តាខ្មៅថ្មី» បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គោលបំណងគឺដើម្បីបណ្ដុះបណ្ដាលចំណេះអ្នកសារព័ត៌មានឲ្យមានចំណេះដឹងផ្នែកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោក ស៊ិន សំណាង ជាចាងហ្វាងអង្គភាពគេហទំព័រសារព័ត៌មាន «តាខ្មៅថ្មី» បានឲ្យដឹងថា លោកចង់ឲ្យបុគ្គលិករបស់ខ្លួនមានចំណេះដឹងផ្នែកសារព័ត៌មាន មុននឹងចុះបំពេញភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ចប់នៅក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលអាវក្រោះមិនអាចខ្វះបាន។ លោកក៏ថ្លែងអំណរគុណដល់ឯកឧត្តម យ៉ែម ណយ ដែលតែងតែមានប្រសាសន៍អប់រំណែនាំដល់សិក្ខាកាមទាំងអស់ផងដែរ ជាពិសេសលោកគ្រូឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សារក្រសួងព័ត៌មាន លោកគ្រូឯកឧត្តម ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន ដែលតែងចូលរួមបណ្ដុះបណ្ដាលលើវិស័យសារព័ត៌មានសិក្ខាកាមប្រកបដោយភាពជោគជ័យ។
ពិធីបានបញ្ចប់ទៅដោយភាពជោគជ័យ ក្រោយបញ្ចប់កម្មវិធីប្រគល់វិញ្ញាបនបត្រមានការហូបអាហារសាមគ្គី និងមានតន្ដ្រីរាំលេងកម្សាន្ដ ប្រកបដោយភាពរីករាយយ៉ាងក្រៃលែង៕