ប្រធានាធិបតីអេក្វាឌ័រនិយាយថា ប្រទេសកំពុងមានសង្រ្គាមជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន

ម៉ាស្ទ័រវេប
បញ្ចូលដោយ -


ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញ៉ែល ណូបូអា (Daniel Noboa) បាននិយាយកាលពីថ្ងៃពុធ (១០ មករា) ថាប្រទេសរបស់លោក «កំពុងមានសង្រ្គាម» ជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែល​កំពុងចាប់ឆ្មាំពន្ធនាគារជាចំណាប់ខ្មាំង ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សា ដែល​បាន​មើលឃើញខ្មាន់កាំភ្លើងសម្រុកចូលកាន់កាប់ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និង​ការ​ផ្ទុះ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុងនានា។

លោក ណូបូអា កាលពីថ្ងៃអង្គារ បានដាក់ឈ្មោះក្រុមជនអន្ធពាលចំនួន ២២ក្រុម នាក់ថា ជា​អង្គការ​ភេរវករ ដែលធ្វើឱ្យពួកគេក្លាយជាគោលដៅយោធាជាផ្លូវការ។ លោក​ប្រធានាធិបតី​រូប​នេះ​បាន​ឡើង​កាន់​អំណាច​កាលពីខែវិច្ឆិកា ដោយសន្យាថា នឹង​ដោះស្រាយ​បញ្ហា​សន្តិសុខ​ដែល​កំពុង​កើន​ឡើង​ដោយ​បណ្តាល​មក​ពី​កំណើន​នៃ​ក្រុម​ជួញ​ដូរ​គ្រឿងញៀន​ដែល​ដឹក​ជញ្ជូន​កូកាអ៊ីន​ឆ្លង​កាត់​អេក្វាឌ័រ។

លោក ណូបូអា បានប្រាប់ស្ថានីយ៍វិទ្យុ ខាណេឡា (Canela) កាលពីថ្ងៃពុធថា «យើងកំពុង​មាន​សង្រ្គាម ហើយយើងមិនអាចបោះបង់ចោល ឬចុះចាញ់នៅចំពោះមុខក្រុមភេរវករទាំងនេះទេ»។

លោក​បានប៉ាន់ប្រមាណថា សមាជិកក្រុមឧក្រិដ្ឋជនប្រហែល ២០.០០០នាក់ កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេសអេក្វាឌ័រ។ ផ្លូវនានាក្នុងរដ្ឋធានី គីតូ (Quito) និងទីក្រុងកំពង់ផែ ក្វាយ៉ាគ្វីល (Guayaquil) មានភាពស្ងប់ស្ងាត់ជាងធម្មតាកាលពីថ្ងៃពុធ ដោយអាជីវកម្មជាច្រើនបានបិទទ្វារ ឬ​ធ្វើ​ការពីចម្ងាយ ហើយសាលារៀនជាច្រើនក៏ត្រូវបានបិទផងដែរ។

ការ​ចាប់ឆ្មាំពន្ធនាគារ និងបុគ្គលិកជាង ១៣០នាក់ធ្វើជាចំណាប់ខ្មាំង ដែលបាន​ចាប់​ផ្តើម​នៅ​ព្រឹក​ព្រលឹម​​ថ្ងៃចន្ទ ហើយការរត់គេចខ្លួនរបស់មេដឹកនាំក្រុមជនអន្ធពាល ឡូស ស្ហូណេរូស (Los Choneros) គឺលោក អាដូលហ្វូ ម៉ាស៊ីយ៉ាស (Adolfo Macias) ពីពន្ធនាគារ​កាល​ពី​ចុង​សប្តាហ៍​បាន​ជំរុ​ញឱ្យលោកប្រធានាធិបតី ណូបូអា ប្រកាសស្ថានភាពអាសន្នក្នុងប្រទេសរយៈពេល ៦០ថ្ងៃ​៕

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!