(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន២នាក់ ក្រោយកម្លាំងសមត្ថកិច្ចបង្ក្រាបបានរួមជាមួយគ្រឿងញៀនសរុបជាង៧គីឡូក្រាម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៧០០ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីជួយដូរគ្រឿងញៀនជាប្រភេទកេតាមីន (KETAMINE) ទម្ងន់៤,៩៧៣.៨០ក្រាម និងប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២,៥២៨ក្រាម ដែលមានជនត្រូវចោទមានខ្លួនចំនួន២នាក់ ឈ្មោះ ប្រាក់ ភិរម្យ អាយុ៤៩ឆ្នាំ និងឈ្មោះ ផា វុត្ថា អាយុ៤០ឆ្នាំ និងជនត្រូវចោទគេចខ្លួនចំនួន២នាក់ទៀត ឈ្មោះ ខែក ចាន់ រិទ្ធី អាយុ៣៩ឆ្នាំ និងឈ្មោះ ស្រី សុធី អាយុ៥៤ឆ្នាំ ពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
ដោយឡែក ជនត្រូវចោទគេចខ្លួនម្នាក់ទៀត ឈ្មោះ ម៉ី ឡា ភេទស្រី អាយុប្រហែល៣៥ឆ្នាំ ជនជាតិឡាវ ពីបទ «ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅចំណុចអន្ទង់ឈើទាល ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤០ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះ អាសន្នលើជនត្រូវចោទមានខ្លួនចំនួន២នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ខណៈ៣នាក់ផ្សេងទៀតកំពុងបន្ដគេចខ្លួន៕