((ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានបញ្ជាក់ឲ្យដឹងថា កូនសិស្សជាង២០ម៉ឺននាក់ ដែលបានចូលប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីសុំសញ្ញាបត្របាក់ឌុបបណ្តោះអាសន្ន ឬសញ្ញាបត្របាក់ឌុប។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា
វ៉ាន់ដេត ផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន
ពាក់ព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស
នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ ក្នុងពេលលោកទើបត្រឡប់មកដល់កម្ពុជា
បន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ នាព្រឹកថ្ងៃទី០៣
ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ
បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ
ណែនាំឲ្យមានការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺយើងបានប្រើ
ទៅលើសញ្ញាបត្របាក់ឌុប មានន័យថា កូនសិស្សជាង២០ម៉ឺននាក់ ដែលបានចូលប្រើថ្នាលនេះ
ដើម្បីសុំសញ្ញាបត្របាក់ឌុបបណ្តោះអាសន្ន ឬសញ្ញាបត្របាក់ឌុប»។
បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានឲ្យដឹងថា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ
នៅតាមសកលវិទ្យាល័យ ដែលក្រសួងបានចុះហត្ថលេខា ចំនួន២២សាកលវិទ្យាល័យ
ដើម្បីប្រើប្រាស់ក្នុងសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
និងថ្នាក់បណ្ឌិត។
លោក ជា វ៉ាន់ដេត បានឲ្យដឹងទៀតថា ក្រសួងក៏បានចុះហត្ថលេខា
ជាមួយក្រសួងស្ថាប័នចំនួន១០ ដើម្បីដាក់ឯកសារសាធារណៈ បានន័យថា
ឯកសាររបស់រដ្ឋចូលក្នុងថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីធានាមិនឲ្យមានភាពបន្លំ
ធានានូវភាពត្រឹមត្រូវ របស់ឯកសារ។ សរុបមកមានការបានប្រើប្រាស់ថ្នាលនេះ
ចំនួនជាង៣០ម៉ឺនឯកសារសាធារណៈហើយ។
លើសពីនោះទៀត លោក ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ នឹងបន្ដពង្រីក ដើម្បីធ្វើម្ដេចឲ្យនាពេលអនាគត ប្រទេសកម្ពុជា
មិនចាំបាច់ប្រើប្រាស់ ឯកសារសារធារណៈ ជាក្រដាសបន្ដទៀតទេ ដោយប្រើបច្ចេកវិទ្យាឌីជីថល
ជំនួសទាំងអស់។
សូមបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល
ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ត្រូវបានដាក់ឲ្យប្រើក្នុងគោលបំណង
លុបបំបាត់ការក្លែងបន្លំ ឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ
និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា
និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្ត
ជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល
QR Code ស្តង់ដារ ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់
នៅលើសន្លឹក នៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដារនេះ
មិនតម្រូវឲ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង ក្នុងទម្រង់ជាក្រដាសឡើយ៕