នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករងខុទ្ទកាល័យសម្តេចមហាបរវរធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចាន្នី នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធជូនដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្មនិងទទួលមរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ពិធីនេះក៏មានវត្តមាន នាយឧត្តមសេនីយ៍ បណ្ឌិតសាស្ត្រាចារ្យ ណុប រតនា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងលោកជំទាវ ព្រមទាំងការចូលរួមពីមេបញ្ជាការរង នាយទាហាន និងពលទាហាន ក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមក បានចូលរួមបំពេញ និងអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ចូលរួមលើការកសាងនិងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នៃប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ។ ក្រៅពីនេះនៅបានចូលរួមការងារសង្គមកិច្ចយ៉ាងច្រើនទៀតផងដែរ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើរដល់នាយទាហាន និងពលទាហាន ទាំងអស់ ត្រូវត្រៀមសម្ភារៈសង្គ្រោះ រួមនិងរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងដោយយថាហេតុផ្សេងៗ ព្រមទាំងចូលរួមសហការលើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ជាពិសេស ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវនូវអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក។
សូមរំលឹកថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្ស តែងបានរៀបចំនូវពិធីតាមប្រពៃណីជាតិខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការទាំង៧សណ្តាន ដែលបានបែកបាក់ចែតឋាន ជាពិសេសឧទ្ទិសជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវមនុញ្ញផល និងបានសោយសុខនៅក្នុងឋានសុគតិភព។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងនាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃ ចំនួន ១៣៣អង្គ ដែលនិមន្តមកពីវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសូត្រមន្តរាប់បាត វេរប្រគេនទ័យ្យទាន មានគ្រឿងឧបភោគ និងគ្រឿបរិភោគជាច្រើនមុខទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិខ្មែរ។
នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បានប្តេជ្ញាចិត្ត ស្មោះត្រង់ ការពារ និងបម្រើ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ ឲ្យបាន១០០% និងលុះអវសាន្តនៃជីវិត៕