ខេត្តកណ្ដាល៖ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ត្រីម្នាក់ត្រូវបានស្ត្រីម្នាក់ទៀតដែលជាដៃគូរកស៊ីជាមួយគ្នាប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីស្ត្រីសង្ស័យបានយកគ្រាប់ពេជ្រពីស្ត្រីរងគ្រោះលក់បន្តទៅឱ្យអ្នកផ្សេង ហើយមិនប្រគល់ប្រាក់ថ្លៃគ្រាប់ពេជ្រនោះទៅឱ្យស្ត្រីរងគ្រោះនោះទេ ។
ជនរងគ្រោះឈ្មោះ ហ៊ុន ណារី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ក្រុមហ៊ុន។
ជនសង្ស័យឈ្មោះ ទូច លក្ខិណា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
សម្ភារៈបាត់បង់៖ ១-ខ្សែកធ្វើអំពើលោហៈធាតុចំនួន៤គ្រឿង ២-កងដៃលោហៈធាតុចំនួន១ឈុត ៣-ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន១គ្រឿង ៤-ចិញ្ជៀនលោហៈធាតុពណ៌លឿងចំនួន២វង់ សរុបទឹកប្រាក់ចំនួន២៤០.០០០ដុល្លារ(ម្ភៃបួនម៉ឺនដុល្លារអាមេរិក)។
ប្រភពដដែលបន្តថា កាលពីអំឡុងឆ្នាំ២០២២ មកដល់ថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ ទូច លក្ខិណា បានទាក់ទងជនរងគ្រោះឈ្មោះ ហ៊ុន ណារី និងប្តីជនរងគ្រោះឈ្មោះ យ៉ុម ជំនិត ប្រាប់ថាមានអតិថិជនចង់កុម្មង់ទិញគ្រាប់ពេជ្រជាច្រើនគ្រាប់និងគ្រឿងអលង្ការមួយចំនួនពីជនរងគ្រោះ ហើយបានអោយកូនចៅមកយកគ្រាប់ពេជ្រនិងគ្រឿងអលង្ការទាំងនោះពីជនរងគ្រោះ ដើម្បីអោយអតិថិជនមើលសិនមុននឹងគេទូទាត់ប្រាក់។ ដោយទុកចិត្តជាអ្នកធ្លាប់រកស៊ីជាមួយគ្នាពីមុនមក ជនរងគ្រោះក៏បានប្រគល់គ្រាប់ពេជ្រ និងគ្រឿងអលង្ការទៅអោយជនសង្ស័យឈ្មោះ ទូច លក្ខិណា ដើម្បីយកទៅអោយអតិថិជន។ ក្រោយមកជនសង្ស័យឈ្មោះ ទូច លក្ខិណា មិនឃើញយកប្រាក់ដែលបានពីការលក់គ្រាប់ពេជ្រ និងគ្រឿងអលង្ការមកប្រគល់អោយជនរងគ្រោះនោះទេ។ ជនរងគ្រោះបានទាមទារគ្រាប់ពេជ្រនិងគ្រឿងអលង្ការពីជនសង្ស័យឈ្មោះ ទូច លក្ខិណា មកវិញ ប៉ុន្តែជនសង្ស័យមិនព្រមប្រគល់មកអោយជនរងគ្រោះវិញទេ ទើបនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង០០នាទី ជនរងគ្រោះបានយកជនសង្ស័យឈ្មោះ ទូច លក្ខិណា មកប្រគល់អោយអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកគ្រាប់ពេជ្រនិងគ្រឿងអលង្ការពីជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីបន្តរនិតិវិធីទៅតាមផ្លូវច្បាប់៕ ដោយចៅតាខ្មៅ09:29