ក្រុងកៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែនជាង ៥២,០០០នាក់ត្រូវបានបណ្តុះបណ្តាលក្រោមបេសកកម្មជំនួយយោធារបស់សហភាពអឺរ៉ុប (EUMAM)។
យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថា ទាហាន ពលទាហាន និងនាយទាហានអ៊ុយក្រែនបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksandr Balanutsa បានជំរុញឱ្យ EU បន្តបេសកកម្មហ្វឹកហ្វឺន ខណៈដែលកងទ័ពអ៊ុយក្រែនកំពុងបង្កើតកងពលតូចថ្មី។
EUMAM រយៈពេលពីរឆ្នាំត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ បេសកកម្មនេះរួមមានការបណ្តុះបណ្តាលស្តីពីការដោះមីន ជំនួយផ្នែកវេជ្ជសាស្រ្ត ការថែទាំ និងជួសជុល ក្នុងចំណោមកម្មវិធីផ្សេងៗទៀត ហើយត្រូវបានធ្វើឡើងនៅលើដីរបស់សហភាពអឺរ៉ុប៕