ប្រជាពលរដ្ឋ៥ភូមិស្នើសុំថ្នាក់លើផ្តល់បណ្ណ័កម្មសិទ្ធិលើដីអនុផលដែលកាន់កាប់៤០ឆ្នាំមកហើយ

តាខ្មៅថ្មី
បញ្ចូលដោយ -

 ប្រជាពលរដ្ឋ៥ភូមិស្នើសុំថ្នាក់លើផ្តល់បណ្ណ័កម្មសិទ្ធិលើដីអនុផលដែលកាន់កាប់៤០ឆ្នាំមកហើយ



  កណ្តាល៖ដីកោះជាច្រើនអាជ្ញាធរចេញបណ្ណ័កម្មសិទ្ធិឱ្យចុះហេតុអ្វីដែលកោះឈើខ្មៅដែលដុះដីជាប់ភូមិលែងក្លាយជាកោះទៅ ហើយ ហើយកសិករកាន់កាប់ធ្វើចំការជាង៤០ឆ្នាំមកហើយនោះម្តេចមិនធ្វើប្លង់ឱ្យ?សូមថ្នាក់លើមេត្តាជួយពិនិត្យអន្តរាគមន៍ផ្តល់ប្លង់ស្របច្បាប់ឱ្យផង៖






  អ្នកមីង ឃុត សាវឿន រស់នៅភូមិឈើខ្មៅ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន បានលើកឡើងថា ដីកោះឈើខ្មៅ ដែលបច្ចុប្បន្នបានដុះដីជាប់ភូមិ លែងជាកោះទៅហើយនោះ មានផ្ទៃដីសរុបប្រមាណ៧០ហិចតា និងមានប្រជាកសិករជាង២៥០គ្រួសារ មកពីភូមិចំនួន៥ រួមមាន ភូមិក្បាលកោះ ភូមិកោះតូច ភូមិឈើខ្មៅ សង្កាត់ឈើខ្មៅ និងភូមិដើមពោធិ ភូមិព្រែកភូមិ សង្កាត់ជ្រោយតាកែវ បានកាន់កាប់ធ្វើចំការ តាំងពីអំឡុងឆ្នាំ១៩៨០មកម្លេះ មិនដែលមានបញ្ហានិងទំនាស់អ្វីឡើយ។ ហើយមានការងឿងឆ្ងល់ជាខ្លាំង ថាហេតុធ្វីបានជាមិនចុះបញ្ជីរឱ្យពួកយើងខ្ញុំ ខណៈដែលដីនេះ លែងក្លាយជាកោះទៅហើយនោះ ខុសពីកោះជាច្រើន ដូចជាកោះអន្លង់ចិន កោះរំដួល កោះខ្សាច់ទន្លា….ជាដើមនោះរដ្ឋចេញប្លង់ឱ្យ? ហើយក៏ស្នើសុំទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មានលោកអភិបាលក្រុង ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមរដ្នមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម សំនង់ ជាពិសេស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយពិនិត្យនិងអន្តរាគមន៍ ផ្តល់នូវបណ្ណ័កម្មសិទ្ធិស្របច្បាប់ឱ្យពួកយើងខ្ញុំដោយអនុគ្រោះផង។

  លោក ម៉ាក គន មេភូមិដើមពោធិ លោក ចែម លាង មេភូមិព្រែកភូមិ លោក ណន ស៊្រន អនុប្រធានភូមិកោះតូច និងលោក សន ប៊ុនធី អនុប្រធានភូមិឈើខ្មៅ បានបញ្ជាក់ដូចគ្នាថា ដីនេះដើមឡើយជាកោះមែន ប៉ុន្តែ ឥឡូវដីដុះជាប់ភូមិលែងជាកោះហើយ ដែលដើមឡើយចែកជា៣ផ្នែក គ្រប់គ្រងដោយយោធាស្រុកកោះធំ និងយុវជនស្រុក ព្រមទាំងបេសកម្មកងទ័ពស្មគ្រ័ចិត្តវៀតណាម។ កាលពីឆ្នាំ១៩៨៤ ក្រោយដកទីតាំងចេញ យោធា និងយុវជនស្រុក បានលក់ឱ្យប្រជាជនក្នុង១ឡូត៍ ទទឹង៨ម៉ែត្រ បណ្តោយទល់ទន្លេបាសាក់ ក្នុងតម្លៃ៣ជីមាស ហើយកាលណោះទាល់តែអ្នកមានគោ ទើបគេលក់ឱ្យដើម្បីឱ្យធ្វើចំការ និងបានចែកកូនចៅតៗគ្នា គ្រប់គ្រងធ្វើចំការរហូតសព្វថ្ងៃ ពុំដែលមានបញ្ហានិងទំនាស់អ្វីឡើយ ហើយក្រៅអំពីដីស្រែអ្នកភូមិបានដីនេះហើយសម្រាប់ដាំចំការ គ្រាន់ដោះស្រាយជីវភាព ដូច្នេះ សូមថ្នាក់លើមេត្តាពិនិត្យផ្តល់បណ្ណ័កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ដោយក្តីអនុគ្រោះទៅចុះ។

  ពាក់ពន្ធ័ហ្នឹងការស្នើសុំរបស់ប្រជាពលរដ្ឋទាំង៥ភូមិខាងលើ លោក សឿង សេងហុង ប្រធានភូមិបាល និងលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានបញ្ជាក់ថា ដីនោះគឺដីកោះ ហើយទទួលស្គាល់ថា ប្រជាពលរដ្ឋពិតជាកាន់កាប់អាស្រ័យផល និងនៅរដូវប្រាំងមើលទៅសណ្ឋានលែងក្លាយជាកោះពិតមែន ប៉ុន្តែ នៅក្នុងផែនទីនៅតែជាកោះ ដូច្នេះ មិនអាចធ្វើការវាស់វែងចេញបណ្ណ័កម្មសិទ្ធិឱ្យបានទេ លើកលែងតែមានការសម្រចពីគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ហើយ រដ្ឋបាលក្រុងក៏មិនព្រងើយកន្តើយដែរ ហើយក៏បានធ្វើសំណើរ បញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តដើម្បីពិនិត្យសម្រេចជូនប្រជាពលរដ្ឋរួចហើយដែរ រង់ចាំតែការសម្រេចប៉ុណ្ណោះ៕

    ដោយ៖ វណ្ណៈ09:43


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!