ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលតែងតែប្រេីល្បិច លួចបន្លំ និង បោកបញ្ឆោតតាមទីតាំងភ្នាក់ងារផ្ញេីរប្រាក់ ( Wing,True Money,Emoney,លីហួរ) !

តាខ្មៅថ្មី
បញ្ចូលដោយ -

 


        ខេត្តតាកែវ÷ នៅថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ២៩ នាទី មានករណីរំលោភលើទំនុកចិត្ត និងឆបោក កើតឡើងត្រង់ចំណុចទីតាំងភ្នាក់ងារវីង(Wing) មួយកន្លែងយីហោវីងពូនភ្នំ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០១ នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០១គ្រឿងធុនហុងដាឌ្រីមសង់C125 សេរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1U-0151 លេខតួ និងលេខម៉ាស៊ីនND125ME-5468851 ជនសង្ស័យឈ្មោះ ហម សារៀម ហៅរៀម ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីកន្លែងកំណើតភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាដើរឆបោកលុយតាមបណ្តាភ្នាក់ងារយ៉ាងសកម្មក្នុងមូលដ្ឋាន) បានធ្វើសកម្មភាពចូលទៅឆបោកលុយនៅទីតាំងវីងយីហោវីងពូនភ្នំ របស់ជនរងគ្រោះឈ្មោះ យត លាងហេង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយប្រើល្បិចធ្វើជាមកវេរលុយនៅទីតាំងវីងខាងលើចំនួន ១,០០០,០០០រៀល បន្ទាប់ពីបានលេខកូដជនរងគ្រោះមានការធ្វេសប្រហេស ក៏ជនសង្ស័យខាងលើមានឪកាសក្នុងការលួចកត់លេខកូដដកលុយទុក ក្រោយមកជនសង្ស័យបានប្រើល្បិចថាភ្លេចយកលុយមកសុំទៅយកលុយបន្តិចរួចក៏ជិះម៉ូតូយកលេខកូដទៅដកលុយនៅទីតាំងភ្នាក់ងារវីងមួយកន្លែងនៅម្តុំភ្នំតាម៉ៅបាត់ទៅ។

ក្រោយធ្វើសកម្មភាពជនសង្ស័យខាងលើរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ 


ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ០០ នាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ហម សារៀម ហៅរៀម ភេទប្រុស អាយុ ៣៤ឆ្នាំ និងដកហូតវត្ថុតាងម៉ូតូជិះធ្វើសកម្មភាព នៅត្រង់ចំណុចមុខសាលាស្រុកបាទី ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ 




ក្រោយពេលធ្វើការសាកសួរចប់រួចរាល់ជនសង្ស័យឈ្មោះ  ហម សារៀម ហៅរៀម ភេទប្រុស អាយុ ៣៤ឆ្នាំ បានឆ្លើយសារភាពថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខ្លួនបានធ្វើសកម្មភាពចូលទៅបន្លំឆបោកប្រាក់នៅផ្ទះវីងមួយកន្លែង នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយប្រើល្បិចឲ្យម្ចាស់ផ្ទះវេរប្រាក់ចំនួន មួយលានរៀល បន្ទាប់មកពីបានសន្លឹកលេខកូដម្ចាស់ភ្នាក់ងារមានការធ្វេសប្រហេស ខ្លួនបានកត់លេខកូដដកលុយទុក រួចមកប្រាប់ម្ចាស់ផ្ទះថាភ្លេចយកលុយមកជាមួយសុំទៅយកលុយមួយភ្លែត បន្ទាប់មកខ្លួនបានយកលេខកូដទៅដកលុយនៅវីងម្តុំភ្នំតាម៉ៅបានសម្រេច ក្រោយមកក៏ជិះម៉ូតូត្រឡប់មកផ្ទះជួលវិញ រីឯលេខទូរស័ព្ទទាំងពីរខ្សែដែលវេរ និងទទួលលុយខាងលើគឺជាលេខទូរស័ព្ទរបស់ខ្លួនទាំងពីរខ្សែ រីឯលេខទូរស័ព្ទទាំងពីរខ្សែដែលវេរ និងទទួលលុយខាងលើគឺជាលេខទូរស័ព្ទរបស់ខ្លួនទាំងពីរខ្សែ ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!