ខេត្តកំពង់ស្ពឺ÷ដោយទទួលបានព័ត៌មានពីជនរងគ្រោះ កំលាំងនគរបាលបានរាយការណ៍សុំគោលការណ៍អនុញ្ញាត ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដេីម្បីសហការស្រាវជ្រាវស្វែងរកក្រុមធីម ៧៧ ដែលបានបង្កហឹង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិជនរងគ្រោះ នៅចំណុចកញ្ចុះជាប់ផ្លូវជាតិលេខ៤៤ (ច្រកឫស្សី) ភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០១.០៩.២០២៤ វេលាម៉ោង១៤និង៤៣នាទី ។
តាមការរៀបរាប់ពីជនរងគ្រោះ ថាខ្លួនកំពុងតែអង្គុយលេងនៅកញ្ចុះស្រាប់តែមានក្មេងទំនើងមួយក្រុមបានជិះម៉ុតូជាច្រេីនគ្រឿងកាន់កាំបិតផ្គាក់ចុះមកកាប់ម៉ូតូរបស់ខ្លួនរួចនាំគ្នាជិះចេញអស់។
ជាក់ស្ដែងសមត្ថកិច្ចស្រាវជ្រាវឃាត់មុខសញ្ញាបង្កហឹង្សាដោយចេតនាជាក្រុមក្មេងទំនើង រហ័សនាមធីម ៧៧ បានចំនួន៥នាក់៖(១)ឈ្មោះ សៅ ស៊ីណា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ (អ្នកធ្វើសកម្មភាពកាប់) (២)ឈ្មោះ ហួ គីម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគោក ឃុំសង្កែសាទប (អ្នកចូលរួម (៣)ឈ្មោះ រ៉ា ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគោក ឃុំសង្កែសាទប (អ្នកចូលរួម)(៤) ឈ្មោះ ញ៉េន មឿន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ (អ្នកចូលរួម) (៥)ឈ្មោះ វ៉ាត ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ (អ្នកចូលរួម)។
សមត្ថកិច្ចដកហូត៖ ម៉ូតូ០២គ្រឿង ម៉ូតូម៉ាក C125 ពណ៌ខ្មៅ២០២៣ ភ្នំពេញ1JW-4220 , ម៉ូតូC125 ពណ៌ខ្មៅ ២០២៣ លេខកំពង់ស្ពឺ 1X-9433 ទូស័ព្ទដៃម៉ាកអាយហ្វូន12ប្រូមុិច ពណ៍ទឹកបិច កាំបិតផ្គាក់ជារបស់បក្ខពួកគេចខ្លួន។ បច្ចុប្បន្នមុខសញ្ញាក្មេងទំនើងក្រុមរហ័សនាម ធីម៧៧ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕