ទីក្រុងប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន បានព្រមានប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ថាការសន្យារបស់លោកក្នុងការដំឡើងពន្ធបន្ថែមលើទំនិញរបស់ចិន ដោយសាររំហូរនៃសារធាតុហ្វេតានីល(fentanyl) អាចទាញដៃប្រទេសសេដ្ឋកិច្ចធំជាងគេទាំង២របស់ពិភពលោក ចូលទៅក្នុងសង្រ្គាមពន្ធដែលបំផ្លាញគ្នាទៅវិញទៅមក។
លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈប្រធានធិបតីជាប់ឆ្នោតរូបនេះ បានអះអាងកាលពីថ្ងៃចន្ទថា លោកនឹងដាក់ពន្ធបន្ថែម១០ភាគរយលើការនាំចូលផលិតផលពីប្រទេសចិន ដើម្បីបញ្ឈប់រំហូរនៃសារធាតុហ្វេតានីលចូលក្នុងទឹកដីសហរដ្ឋអាម៉េរិក។ ប្រទេសមហាអំណាចទាំង២ កំពុងត្រៀមជើងព្រួលសម្រាប់ការវិលត្រឡប់របស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់សេតវិមាន ខណៈអាណត្តិដំបូងរបស់លោក ត្រាំ បណ្តាលឱ្យមានសង្រ្គាមពាណិជ្ជកម្ម និងប៉ះពាល់ដល់សេដ្ឋកិច្ច។
កាសែតរដ្ឋចិន China Daily បានចុះផ្សាយថា លេសដែលប្រធានាធិបតីជាប់ឆ្នោតបានផ្តល់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការគំរាមកំហែងរបស់លោក អំពីពន្ធបន្ថែមលើការនាំចូលពីប្រទេសចិន មិនទំនងទាល់តែសោះ។ មិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធដារទេ។ ប្រសិនបើសហរដ្ឋអាម៉េរិកបន្តធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយប្រើពន្ធជាអាវុធ វានឹងធ្វើឱ្យភាគីទាំង២ ខាតបង់ដូចគ្នា។ ដោយឡែក កាសែត Global Times បានដកស្រង់សម្តី លោក ហ្កៅ លីងយ៉ុន (Gao Lingyun) អ្នកវិភាគនៅបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន នៅរដ្ឋធានីប៉េកាំង បានលើកឡើងថា ចិនមានគំរូសម្រាប់ដោះស្រាយជាមួយនឹងគោលនយោបាយពន្ធគយពីមុនរបស់សហរដ្ឋអាម៉េរិក។
លោក ហ្កៅ បានបន្ថែមថា ការប្រើប្រាស់បញ្ហាប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនពន្ធលើទំនិញរបស់ចិន គឺមិនអាចទទួលយកបានទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ក្នុងអំឡុងពេលកិច្ចប្រជុំនៅប៉េកាំង កាលពីថ្ងៃអង្គារបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ត្រាំ ថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងបន្តរីកចម្រើន និងអភិវឌ្ឍន៍ក្នុងរយៈពេលវែង៕