ខេត្តតាកែវ÷ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យ៖
១/.ឈ្មោះ ខេម បញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ (ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខប្រើប្រាស់គ្រឿងញៀន) (ឃាត់ខ្លួន) ។
បានធ្វើសកម្មភាពលួចម៉ូតូចំនួន ០១គ្រឿងធុនហុងដាស្កុបពី១១០ សេរីឆ្នាំ២០១២ ពណ៌ខៀវលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ១BN-៨៧៧៩ របស់ជនរងគ្រោះឈ្មោះ ឆេ សំអាន ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះទុកម៉ូតូចោលនៅខាងមុខផ្ទះហើយដើរចូលទៅយកអីវ៉ាន់នៅខាងក្នុងផ្ទះដោយជនរងគ្រោះមានការធ្វេសប្រហេសមិនបានដកសោរចេញពីម៉ូតូ ក៏ត្រូវបានជនសង្ស័យខាងលើឈ្លៀតឱកាសលួចយកម៉ូតូជិះរត់គេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕