ភ្នំពេញ÷ លោកចៅសង្កាត់ពិតជាទទួលស្គាល់ថា លោកបានខលទៅគំរាមកំហែងទារលុយចំនួន១លានរៀន ជាថ្នូរនឹងមិនតាមចាប់ខ្លួនឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ដូចក្នុងសារសំលេងបង្ហោះក្នុង TickTok ប្រាកដមែន។
ដោយឡែកឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត បានបំភ្លឺថា ខ្លួនពិតជាត្រូវបានចាប់ និងដោះលែងវិញ ដោយសារមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្រាកដមែន។ លោកចៅសង្កាត់ចោមចៅ២ឈ្មោះ រ៉ង ពិតជាបានខលមកគម្រាមគំហែងទារប្រាក់ខ្លួនចំនួន១លានរៀលជាច្រើនលើកច្រើនសារ ហើយខ្លួនមានការភិតភ័យ ក៏លួចថតសម្លេងតារ៉ង រួចផ្ញើទៅអ្នកស្គាល់គ្នា ហើយគេក៏បង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក និងTickTok។
នាងបានសារភាពថា ធ្លាប់ធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនបាន២ដងជាង១ឆ្នាំមុន តែបច្ចុប្បន្នបានឈប់ធ្វើសកម្មភាព និងមិនជាប់ពាក់ព័ន្ធនឹងឈ្មោះ ភេវ (នី គឹមអាន) នោះទេ។ ក្រោយបញ្ចប់ការសួរនាំ ទាំងលោកចៅសង្កាត់ និងនារីឈ្មោះ កុត ត្រូវបាននគរបាលសម្រេចឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ដើម្បីចាត់ការបន្តទៀត៕