នៅវេលាម៉ោង១១:៥៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ខណៈនោះមានរថយន្តមួយគ្រឿង ម៉ាក FORT ពណ៌ទឹកប្រាក់ ផ្លាកលេខរដ្ឋ 052-0431 បានធ្វើដំណើរក្នុងរថយន្តមានគ្នា២នាក់ (ប្រុស ០១នាក់ ស្រី ០១នាក់) ឆ្លងកាត់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ខណៈនោះសមត្ថកិច្ចបានឃាត់រថយន្តនេះឱ្យអ្នកបើកបរចូលមកសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង។
បន្ទាប់មកសមត្ថកិច្ចបានឃើញអ្នកបើកបរចុះមកសហការជាមួយសមត្ថកិច្ចដោយសមត្ថកិច្ចនៅគោលដៅនោះមិនបានស្គាល់លោកបណ្ឌិត សុខ ទូច នោះទេ នៅពេលនោះគាត់មានកាយវិកា និងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។ បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ជក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយយកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថាប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល។
បន្ទាប់មកគាត់ក៏បានរើយកអីវ៉ាន់ វ៉ាលី និងសម្ភារ ចេញពីក្នុងរថយន្ត រួចហៅផាស់អេប ជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បន្ទាប់សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ៕